ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ការលក់ គ្រឿងយន្ត កសិកម្ម និងគ្រឿងចក្រ ធុនធ្ងន់ មានកំណើន ៤១% ក្នុងរយៈពេល បួនខែដំបូង
ភ្នំពេញ៖ ការលក់គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មានការកើនឡើង ៤១% គិតមកត្រឹមបួនខែដំបូង នៃដើមឆ្នាំ២០១៥ បើធៀបទៅនឹងឆ្នាំ២០១៤ ក្នុងរយៈពេលដូចគ្នានេះ។ ជាពិសេស ការលក់ ត្រាក់ទ័រ ចនឌារ (John Deer) មានកំណើនខ្ពស់ជាងគេ រហូតដល់ ៩០% ក្នុងកំណើននៃការលក់សរុប របស់ក្រុមហ៊ុនសម្រាប់បួនខែដំបូងនេះ។
លោក ម៉ៃ ឃ្វីន ប្រធានផ្នែកគ្រឿងយន្ត របស់ក្រុមហ៊ុន RMA Cambodia បានលើកឡើងថា៖ “តម្រូវការគ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសត្រាក់ទ័រ ចនឌារ និងត្រាក់ទ័រចូកដី ម៉ាក ចេស៊ីប៊ី (JCB) JS205 ដែលមានប្រព័ន្ធគ្រប់ដោយស្វ័យប្រវត្តិ ហើយថែមទាំងទទួលបាន ការពេញនិយមពីក្រុមហ៊ុនសំណង់ ដោយប្រើប្រាស់បច្ចេកទេស តិចតួចប៉ុណ្ណោះសម្រាប់ដំណើរការ។ ក្រុមហ៊ុ RMA Cambodia ទើបតែធ្វើការសម្ពោធគ្រឿងចក្រថ្មីម៉ាក FUSOទម្ងន់ ៩ ទៅ ២៥ តោន។”
ប្រជាកសិករកម្ពុជា កំពុងផ្លាស់ប្តូរទម្លាប់នៃការធ្វើរបរកសិកម្មរបស់ខ្លួន ពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបៗ ដោយសារការប្រើប្រាស់គ្រឿងយន្ត បានជួយសន្សំទាំងពេលវេលា និងថវិកា។ ការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅទីក្រុង និងក្រៅប្រទេស ក៏ជាកត្តាមួយជំរុញឲ្យមានការវិវត្តន៍ ក្នុងការផ្លាស់ប្តូរទម្លាប់ការធ្វើស្រែចំការផងដែរ។
យោងតាមរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយ កាលពីដើមខែមេសា កន្លងទៅនេះ កម្លាំងពលកម្មមនុស្ស មានការថយចុះយ៉ាងគំហុក។ នៅឆ្នាំ២០០៩ មានការធ្លាក់ចុះរហូតដល់ ៥៧.៦% និង ៥៤.៨% នៅឆ្នាំ២០១០ ចំណែកឯឆ្នាំ២០១៣ មានធ្លាក់ចុះកម្លាំងពលកម្មចំនួន ៤៨.៧%។
ចំណែកកំណើនគ្រឿងយន្តកសិកម្ម សរុបចំនួន ៣៩% សម្រាប់ឆ្នាំ ២០១៤ បើធៀបទៅនឹងឆ្នាំ ២០១៣ នេះបើយោងតាមរបាយការណ៍ ដែលទទួលបានពីនាយកដ្ឋានគ្រឿងយន្តកសិកម្ម។
លោក មៃ ឃ្វីន បានបញ្ជាក់ថា៖ “ផលិតផលរបស់ក្រុមហ៊ុន មានជម្រើសជាច្រើន សម្រាប់អតិថិជន ដែលមានកម្លាំងចាប់ពី ៤៥ សេស រហូតដល់ ៣០០ សេស។ ក្រុមហ៊ុន ក៏ធ្វើការបណ្តុះបណ្តាលផងដែរ ពីបច្ចេកទេសប្រើប្រាស់គ្រឿងចក្រ ឲ្យស្របទៅនឹងប្រភេទដី និងពន្លឿនការងារផងដែរ។ ហើយក្រុមហ៊ុន ក៏ផ្តល់ជូននូវហិរញ្ញប្បទាន ដែលមានដែលមានដំណើរសាមញ្ញ និងងាយស្រួល។”
ក្នុងពេលថ្មីនេះ ក្រុមហ៊ុន RMA Cambodia បានសម្ពោធសាខាលក់ត្រាក់ទ័រ ចនឌារ ទីពីរ របស់ខ្លួននៅខេត្តកំពង់ធំ។ សាខាលក់ទីបី នឹងចាប់ផ្តើមដំណើរ នៅពាក់កណ្តាលឆ្នាំនេះ ហើយនឹងមានសាខាទី៤ នៅខេត្តកំពង់ចាម នៅឆ្នាំក្រោយ។ ការពង្រីកសាខារបស់ខ្លួន ដើម្បីធានាបានថា ក្រុមហ៊ុន ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ដល់អថិជនរបស់ខ្លួន។
អំពីក្រុមហ៊ុន អ អឹម អេ កម្ពុជា RMA (Cambodia)៖ ក្រុហ៊ុន RMA (Cambodia) ជាក្រុមហ៊ុនខ្នាតអន្តរជាតិ ហើយមានដំណើរការ នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភាពលោក មកប្រទេសកម្ពុជា និងមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់វេសាកម្មដ៏ល្អប្រសើរ ដល់អតិថិជនរបស់ខ្លួន។ RMA (Cambodia) ក៏បានផ្តល់ការបណ្តុះបណ្តាល និងឱកាសការងារដល់ប្រជាជនកម្ពុជាជិត ១៦០០នាក់ ហើយជាកន្លែងដែលមានបរិយាកាសការងារល្អប្រសើរ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត៕
Post a Comment